មានទទួលសេរវា បង្ហោះវេបសាយ / រចនាគេហទំព័រ WEBSITE និង Slide គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Te: 017357556--/ 0963622640../..092918312

Friday, August 20, 2021

គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចលើសផែនការគ្រោងទុក

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន១០១,៩ភាគរយ នៃផែនការសរុបចំនួន ២ ៦០៩ ០៦៥ហិកតា ដែលលើសឆ្នាំ២០២០ ប្រមាណ ២០៦ ៨៧០ ហិកតា ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហិកតា ស្មើនឹង ០,៦ភាគរយ និងដោយគ្រឿង យន្តចំនួន ២ ៦៨៤ ៩២៨ហិកតា ស្មើនឹង ៩៩,៤ភាគរយ លើសឆ្នាំមុន ១២៩ ៤៤៩ ហិកតា ។ ឯកឧត្តមបានបន្តថា លទ្ធផលស្ទូងនិងព្រោះ សម្រេចបានចំនួន ២ ៦៥៨ ៧៥៦ ហិកតា ស្មើនឹង ១០១,៩ភាគរយ នៃផែនការ ២ ៦០៩ ០៦៥ ហិកតា លើសឆ្នាំមុន ២០៦ ៨៧០ ហិកតា ដែលរួមមានស្រូវស្រាល ស្រូវកណ្ដាល ស្រូវធ្ងន់ ស្រូវចម្ការ ស្រូវទ្បើងទឹក ។ ល្បឿនប្រមូលផលស្រូវស្រាលដើមរដូវវស្សាឆ្នាំ២០២១ សម្រេចបានចំនួន ៣០២ ៣៣៧ ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន ដែលទិន្នផលគិតជាមធ្យម ៤,១៩៣តោនក្នុង១ហិកតា ។ ឯកឧត្តមបានបន្តទៀតថា ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ រួមមាន ៖ ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៥១ ៥៣៧ហិកតា ស្មើនឹង ៩៥,៦៦ ភាគរយ នៃផែនការ ៥៣ ៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា ។ ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៧៦៦ ៣៧៥ហិកតា ស្មើនឹង ៩៣,៤៦ភាគរយនៃផែនការ ៨១៩ ៩៨៩ហិកតា លើសឆ្នាំមុន ៧ ៩៤៤ហិកតា ។ ម្យ៉ាងវិញទៀត ស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ (បន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប) បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត ។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហិកតា ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស ។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហិកតា និងស្តារបានចំនួន ២ ៣៧៦ហិកតា ។ រហូតមកដល់សប្តាហ៍ទី៣ក្នុងខែសីហានេះ ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុនសម្រេចបានតែ ៩៤,៧៤ភាគរយ បើគិតរយៈពេលដូចគ្នា ៕

 



វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី


No comments:

Post a Comment

Adbox